ខ្ញុំបាននិពន្ធឲ្យគេ តែគេមិនដាក់ឈ្មោះខ្ញុំ
ក្នុងពិភពសិល្បៈ មានស្នាដៃជាច្រើនដែលធ្វើឲ្យមនុស្សសប្បាយចិត្ត ឬរំភើបអារម្មណ៍។ មនុស្សចាំតែសំឡេងអ្នកច្រៀង ចាំតែតួឯកក្នុងភាពយន្ត ប៉ុន្តែមានមនុស្សម្នាក់នៅពីក្រោយស្នាដៃទាំងនោះ ដែលមនុស្សជាច្រើនមិនដែលឃើញឈ្មោះគឺ...... អ្នកនិពន្ធ។
ខ្ញុំក៏ធ្លាប់ស្ថិតក្នុងស្ថានភាពនោះដែរ។ ខ្ញុំបានសរសេរចម្រៀង សរសេរសាច់រឿង ឬបង្កើតគំនិតឲ្យគេ ប៉ុន្តែពេលស្នាដៃនោះចេញទៅសាធារណៈ ឈ្មោះខ្ញុំបែរជាត្រូវជំនួសដោយឈ្មោះអ្នកផ្សេង។
គ្រាដំបូងនៃអាជីពខ្ញុំមានអារម្មណ៍ថាខូចចិត្តខ្លាំង។ មិនមែនព្រោះចង់ល្បីទេ ប៉ុន្តែព្រោះស្នាដៃដែលយើងបានចំណាយពេល គំនិត និងអារម្មណ៍ដាក់ចូលទៅក្នុងវា គួរតែមានការទទួលស្គាល់មួយចំនួន។
ប៉ុន្តែជីវិតអ្នកនិពន្ធពេលខ្លះក៏បែបនេះ។ មានអ្នកនិពន្ធជាច្រើននៅលើពិភពលោកដែលធ្វើការនៅពីក្រោយឆាក។ ស្នាដៃរបស់ពួកគេអាចធ្វើឲ្យភាពយន្តមួយល្បី ឬបទចម្រៀងមួយក្លាយជាបទពេញនិយម ប៉ុន្តែមនុស្សភាគច្រើនមិនស្គាល់ឈ្មោះអ្នកនិពន្ធនោះឡើយ។
ទោះយ៉ាងណា បទពិសោធន៍បែបនេះក៏បានបង្រៀនខ្ញុំរឿងសំខាន់មួយ។ វាបង្រៀនឲ្យខ្ញុំដឹងថា តម្លៃពិតរបស់អ្នកនិពន្ធមិនមែនស្ថិតនៅលើឈ្មោះដែលបង្ហាញមុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការបង្កើតស្នាដៃដែលប៉ះពាល់ចិត្តមនុស្ស។
ជាការពិត អ្នកនិពន្ធគួរតែទទួលបានការគោរព និងការដាក់ឈ្មោះលើស្នាដៃរបស់ខ្លួន។ ប៉ុន្តែបើថ្ងៃណាមួយអ្នកជួបស្ថានភាពដែលស្នាដៃរបស់អ្នកមិនមានឈ្មោះអ្នក សូមកុំអោយវាធ្វើឲ្យអ្នកបាត់បង់ទឹកចិត្តក្នុងការសរសេរ។
ព្រោះសម្រាប់អ្នកនិពន្ធពិតប្រាកដ ស្នាដៃមួយគ្រាន់តែជាជំហានមួយក្នុងដំណើរវែងឆ្ងាយ។ ថ្ងៃណាមួយ ពេលស្នាដៃកាន់តែច្រើន និងបទពិសោធន៍កាន់តែជ្រៅ ឈ្មោះអ្នកនឹងមិនអាចលាក់នៅពីក្រោយស្នាដៃបានទៀតឡើយ អាថ៍កំបាំងក៏នឹងត្រូវលាតត្រដាង។
ស្នាដៃពិតប្រាកដ មានសម្លេងរបស់វា។
ខ្ញុំនិងលើកយកប្រធានបទនេះមកពិភាក្សា! ព្រោះខ្ញុំដឹងថាអ្នកនិពន្ធដែលចាប់ផ្តើមដំបូងគឺជាជនរងគ្រោះយ៉ាងពិតប្រាកដក្នុងរឿងនេះ!
ចង់សរសេរឲ្យគេ ព្រោះគេល្បី
អ្នកនិពន្ធថ្មីៗឃើញអ្នកសិល្បៈល្បីៗប្រៀបដូចជាទេវតា សូម្បីតែគ្មានឈ្មោះក៏សុខចិត្តសរសេរឲ្យ ដើម្បីបានឱកាសបង្ហាញសមត្ថភាព។
វិធីដោះស្រាយ
• មុនសរសេរ ត្រូវលើកឡើងពីរឿងគុណធម៌ សង្កត់លើភាពច្បាស់លាស់និងការស្នើសុំឲ្យបង្ហាញCredit បង្ហាញឲ្យគេឃើញថា ទោះយើងថ្មីមែនពិត តែយើងមានគុណភាពនិងច្បាស់លាស់
• ប្រសិនបើពួកគេស្នើសុំមិនដាក់ឈ្មោះ អ្នកត្រូវសួរគេថា តើឱកាសនេះមានតម្លៃគ្រប់គ្រាន់ សាកសមនិងខ្ញុំប្តូរយកក្រេឌីតឬអត់? ស្នាដៃមួយនេះគឺជាការចងចាំ អស់មួយជីវិត! ហើយខ្ញុំនិងលើកយកមកនិទាន ប្រាប់អ្នកសិល្បៈដទៃទៀតឲ្យដឹង!
•ករណីអ្នកភ្លេង អ្នកចម្រៀងស្នើសុំកុំឲ្យអ្នកដាក់ឈ្មោះ! ដាច់ខាតប្រញ៉ាប់ដើរចេញពីពួកគេ! ទោះបីគេល្បីកម្រិតណាក៏ដោយ ចូរចងចាំថា វាជាហុងស៊ុយនិងវេរា ។
គេឲ្យលុយជាថ្នូរមិនដាក់ឈ្មោះ
នេះជារឿងកើតឡើងជាញឹកញាប់ក្នុងវិស័យចម្រៀង និងភាពយន្ត។ គេអាចទិញស្នាដៃ ដោយមិនដាក់ឈ្មោះអ្នកនិពន្ធ។ ករណីគេចង់អួតបង្ហាញពីសមត្ថភាព ឬក៏តែម។
វិធីដោះស្រាយ
• បើអ្នកព្រមទទួលលក្ខខណ្ឌនេះ ត្រូវយល់ថា វាជា Ghostwriting!
• ត្រូវមាន កិច្ចសន្យា (contract) ឲ្យច្បាស់
• ត្រូវប្រាកដថាតម្លៃដែលអ្នកទទួល គឺសមរម្យនឹងការលះបង់ឈ្មោះ
គេមានគំនិតចង់ឲ្យយើងសរសេរ
ពេលខ្លះមនុស្សម្នាក់គ្រាន់តែមានគំនិតដំបូង ប៉ុន្តែអ្នកនិពន្ធជាអ្នកអភិវឌ្ឍសាច់រឿងទាំងមូល។ ប៉ុន្តែចុងក្រោយ គេអះអាងថាជាម្ចាស់ស្នាដៃ។ វាគឺជារឿងដែលគ្មានគុណធម៌ទាល់តែសោះ ហើយក្នុងពិភពសិល្បៈគឺកើតឡើងច្រើនមែនទែន ។
វិធីដោះស្រាយ
• ត្រូវពិភាក្សា Ownership និង Credit មុនចាប់ផ្តើម ថាជាការចូលរួមសហការ ឬក៏បង្ហាញថា ជាអ្នកផ្តល់គំនិត ជៀសវៀង ប្រើពាក្យថា (និពន្ធរួម) នោះមានន័យថា គេកំពុងតែខ្សែលើអ្នក
• កំណត់ឲ្យច្បាស់ ចែកឲ្យដាច់ថា តើជា Co-writer ឬ Main Writer
• ការសរសេរជាក្រុម ត្រូវមានការយល់ព្រមពីដំបូង សួរចំៗកុំស្ទាក់ស្ទើរ
ការបោកប្រាស់ទំនុកចិត្ត
មានករណីខ្លះដែលអ្នកនិពន្ធសរសេររួចហើយ ប៉ុន្តែមិនបានទទួលប្រាក់ និងមិនបានឈ្មោះផងដែរ។ នេះស្ថិតនៅក្នុងករណីទោសទណ្ឌបោកប្រាស់ទំនុកចិត្ត/ឆបោក គួរតែប្រយត្ន័ប្រយ៉ែង ។
វិធីដោះស្រាយ
• កុំផ្ញើស្នាដៃពេញលេញ ដោយគ្មានការព្រមព្រៀង
• ត្រូវតែមានលិខិតព្រមព្រៀងជាលាយលក្ខណ៍អក្សរ
• រក្សាទុកឯកសារ Draft ឬកាលបរិច្ឆេទស្នាដៃជាភស្តុតាង
⸻
[ សារសំខាន់ទៅកាន់អ្នកនិពន្ធគ្រប់រូប ]
ការសរសេរស្នាដៃគឺជាការប្រើប្រាស់ គំនិត បទពិសោធន៍ និងអារម្មណ៍។ ដូច្នេះអ្នកនិពន្ធគួរតែគោរពតម្លៃស្នាដៃរបស់ខ្លួន ។ ការជួយអ្នកដទៃអាចធ្វើបាន ប៉ុន្តែកុំអោយវាក្លាយជាការបាត់បង់អត្តសញ្ញាណអ្នកនិពន្ធ។ ព្រោះសម្រាប់អ្នកនិពន្ធពិតប្រាកដ ស្នាដៃអាចនៅពីក្រោយឆាកបាន ប៉ុន្តែតម្លៃអ្នកនិពន្ធមិនគួរត្រូវបន្ទាបឡើយ ។ គ្រូបាធ្យាយរបស់អ្នកនិពន្ធមានឬទ្ធិអំណាចលើសអ្វីទាំងអស់ សូមផ្តល់តម្លៃជូនគាត់ ដើម្បីជារាស៊ីក្នុងវិថីមួយនេះ ។
.jpg)





